APTE (ការផ្លាស់ប្ដូរគ្រូបង្រៀនសម្រាប់ការអប់រំជាសកល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក) គឺជាកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនរវាងសាធារណរដ្ឋកូរ៉េ និងប្រទេសចំនួន៧ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន និងថៃ)។ គ្រូបង្រៀនដែលត្រូវបានជ្រើសរើស ដោយក្រសួងអប់រំនៃប្រទេសនីមួយៗ នឹងត្រូវចាត់តាំងឱ្យនៅតាមសាលាជាម្ចាស់ផ្ទះរយៈពេល ៣ ទៅ ៤ ខែ ដើម្បីបង្រៀននៅទីនោះ ដោយមានការសហការជាមួយគ្រូនៃសាលាជាម្ចាស់ផ្ទះ។ យើងរំពឹងថា APTE នឹង អាចចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDGs) និងគោលដៅអប់រំសម្រាប់ ឆ្នាំ២០៣០ តាមរយៈការរៀនគោរពវប្បធម៌ផ្សេងៗគ្នា ការអភិវឌ្ឍន៍សមត្ថភាពនៃការប្រាស្រ័យទាក់ទង អន្តរវប្បធម៌ និងបង្កើតទស្សនៈប្រៀបធៀបក្នុងការអប់រំ ក៏ដូចជាការពង្រឹងសមត្ថភាពសកលនៃអ្នកអប់រំ នៅក្នុងប្រទេសដែលចូលរួមនីមួយៗ។ ដោយបានដឹងពីតួនាទីដ៏សំខាន់របស់គ្រូបង្រៀនក្នុងការបង្កើតការផ្លាស់ប្ដូរសង្គម និងឥទ្ធិពលរបស់ពួកគេទៅ លើការរៀបចំមនុស្សជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋសកលលោក ដែលអាចចូលរួមក្នុងការបង្កើតពិភពលោក ប្រកបដោយភាពត្រឹមត្រូវ មានសន្តិភាព និងនិរន្តរភាព APTE មានគោលបំណងរៀបចំគ្រូបង្រៀន ឱ្យក្លាយជាពលរដ្ឋសកល តាមរយៈការផ្លាស់ប្តូរគ្រូអន្តរជាតិ ដែលនឹងនាំឱ្យពួកគេមានការផ្លាស់ប្ដូរវិជ្ជមាន នៅក្នុងខ្លួនពួកគេផ្ទាល់ ចំពោះសិស្ស សាលារៀន សង្គមជាតិ និងអន្តរជាតិ។